កម្សាន្ត

រយះពេល ៤ ថ្ងៃ មានភ្ញៀវ និង ពលរដ្ឋមកលេងកម្សាន្តសង្រ្កាន្តឆ្នាំថ្មីនៅខេត្តពោធិ៍សាត់ប្រមាណជាង ១៧ មុឺននាក់ក្នុងនោះភ្ញៀវបរទេសចំនួន ២៤៩ នាក់!

ពោធិ៍សាត់:លោកសុិន ធា ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ស្តីទី នៅល្ងាចថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤នេះបានប្រាប់សហការីនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមអោយដឹងថា ក្នុងរយះពេល ៤ ថ្ងៃ(១៣-១៦)ខែមេសា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។

នៅខេត្តពោធិ៍សាត់ចំនួន ១៧១៣៤៣ នាក់(ជាង ១៧ មុឺននាក់)ក្នុងនោះភ្ញៀវទេសចរណ៍បរទេសចំនួន ២៤៩ នាក់។ហើយទីតាំងសង្ក្រាន្តដែលភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវបរទេស ព្រមទាំងប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើនជាងគេគឺ:១-ទីតាំងសង្ក្រាន្តនៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ២-ទីតាំងសង្ក្រាន្តវត្តបាកាន ស្រុកបាកាន ៣-ទីតាំងសង្ក្រាន្តលោកឧកញ៉ាឃ្លាំងមឿង និង ជំទាវខាន់ ខៀវ ៤-រម្មណីយដ្ឋានល្បាក់កំរ៉ោញ ស្រុកភ្នំក្រវាញ ៥-តំបន់កម្សាន្តធម្មជាតិស្រុកក្រគររួមមានរម្មណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង រម្មណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្ត្រភ្នំនាគស ជាដើម។


គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ រយះពេល ៤ ថ្ងៃ(១៣-១៦ ខែ មេសា ឆ្នាំ ២០២៤)រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅលើបុរីវប្បធម៌កោះសំពៅមាស និង នៅតាមបណ្តាស្រុកនានាក្នុងខេត្តពោធិ៍សាត់ដើម្បីបង្កលក្ខណះជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលមកលេងកំសាន្តសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះរដ្ឋបាលខេត្តពោធិ៍សាត់បានរៀបព្រឹត្តិការណ៍សង្ក្រាន្តដ៍ធំនៅលើបុរីវប្បធម៌កោះសំពៅមាស ក្នុងក្រុងពោធិ៍សាត់រយះពេល ៤ ថ្ងៃ(១៣-១៦ ខែ មេសា ឆ្នាំ ២០២៤)ដោយមានការប្រគំតន្ត្រីបុរាណ តន្ត្រីសម័យ សិល្បះគ្រប់ទម្រង់ ការលេងល្បែងប្រជាប្រិយជាច្រើន ការរាំលេងកម្សាន្តរបស់ប្រជាពលរដ្ឋ និង ការបាញ់កាំជ្រួចជាលក្ខណះទ្រង់ទ្រាយធំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។


ជាមួយគ្នានោះដែរ ចំពោះបញ្ហាសន្តិសុខក្នុងរយះពេល ៤ ថ្ងៃនេះ គឺមិនមានអ្វីគួរអោយកត់សំគាល់ឡើយ ពោលគឺប្រព្រឹត្តទៅដោយរលួន៕

To Top