កម្សាន្ត

សិល្បករអូប៉េរ៉ាខ្មែរ និង​សិល្បករ​អូប៉េរ៉ាអន្ដរជាតិរួមសម្តែងរឿងដ៏ល្បី​របស់អ៊ីតាលី Madama Butterfly ​នៅ​កម្ពុ​ជា​

អ្នកចម្រៀងអូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង​សិល្បករ​ល្បីល្បាញ​ដទៃ​ទៀត​នឹង​ចូលរួម​សម្ដែង​ល្ខោ ន​អូប៉េរ៉ា​អ៊ីតាលី Madama Butterfly នៅ​រោង​មហោស្រព​កោះ​ពេជ្រក្នុង​រាជធានី​ភ្នំពេញនា​​ខែ​ធ្នូ​ខាង​មុខ ​នេះ។

​ការ​សម្តែងនេះនឹងមានព្រះរាជ​ដឹកនាំ​​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ​ ព្រមទាំងមាន វត្តមានអ្នកចម្រៀង​​អូប៉េរ៉ា​ខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ ​នឹង​រួម​សហការ​ជាមួយ​ ក្រុម​សិល្បករអូប៉េរ៉ាអន្តរជាតិមក​ពី​​អ៊ីតាលី និង​​ជប៉ុនដែល​រួម​មាន អ្នក​នាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និង​សិល្បករ​-​សិល្បការិនី​ច្រើន​រូប​ទៀត​។

ការ​សម្ដែង​ល្ខោន​អូប៉េរ៉ា​​រឿង​ Madama Butterfly នៅប្រទេស​​កម្ពុជា​​នឹង​​មាន​​អ្នក​​សម្តែងជាង ៧០ នាក់រួម​ទាំងក្រុមភ្លេង​ និង​ក្រុម​ចម្រៀង​​។ ​សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹក​នាំ​​ដោយ​ផលិតករ​ជន ជាតិអ៊ីតាលី លោក Vincenzo Grisostomi Travaglini​​ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។​

លោក Gabriele Faja នាយក​គ្រប់គ្រង​ផ្នែក​ផលិត​កម្មវិធីបាន​មាន​ប្រសាសន៍​ថា៖​ «ចំពោះការ​នាំ​យក​ ល្ខោន​អូប៉េរ៉ា​មក​​ប្រទេស​កម្ពុជា យើង​រំពឹង​ថា​នឹង​បាន​បង្ហាញ​នូវ​ទេពកោសល្យ​ផ្នែក​សិល្បៈ និង​វប្បធម៌​ ខ្មែរ​។ យើង​បាន​​មើលឃើញ​នូវ​សមត្ថភាព​របស់​អត្ដពលិក​និង​ការ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​ស៊ីហ្គេម​របស់​ កម្ពុជា​រួច​ហើយ​។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើង​ស្គាល់​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់ប្រទេស កម្ពុជា​។ ទន្ទឹមនឹងនេះ ចំពោះ​ការ​សម្ដែង​រួម​គ្នា​រវាង​សិល្បករ​កម្ពុជា និង​អន្ដរជាតិលើ​ឆាក​សម្ដែង​អូប៉េរ៉ា​ ដ៏​ធំ​នេះ យើង​ក៏​មាន​បំណង​បង្ហាញ​មហាជន​គ្រប់​រូបបាន​ឃើញ​​ថា ប្រទេស​កម្ពុជា​មាន​ទម្រង់​សិល្បៈ​ជា ​ច្រើន​ទៀត​»។

ល្ខោនអូប៉េរ៉ានឹងក្លាយ​ជាការ​សម្ដែងមួយ​ដើម្បី​អបអរ​សាទរ​​​ខួបលើកទី ៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរក​ការ​​ឧបត្ថម្ភ​បន្ថែមពីការគាំទ្រ​ពីសំណាក់​ដៃគូ មួយ​ចំនួន​រួច​ទៅហើយ​ រួមមាន ស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះ ពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ​ Juveris Tenisons។

មហាជន​អាច​រក​ជាវ​សំបុត្រ​បាន​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២៣ តាម​រយៈកម្មវិធី​​ ​Last2Ticket ដើម្បី​ទទួល​យក​នូវ​បទពិសោធកម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យ​នេះ​។

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល​៖​ gabi@soundskool.asia។

To Top