ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំចំនួន ៦ចំណុច ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ។
ចំណុចសំខាន់ៗទាំង៦ ដែលក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត មានដូចខាងក្រោម៖
១. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់ថ្លៃ ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
២. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរ តាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ ។
៣. ត្រូវធ្វើការណែនាំម្ចាស់ទូក កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវ ទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា។
៤. ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
៥. ត្រូវសហការជាមួយមន្ទីរព័ត៌មាន និងវិស័យឯកជន ផ្សព្វផ្សាយរមណីយដ្ឋានទេសចរណ៍ និង គោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានទូលំទូលាយ។
៦. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍៕