ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាតិប្រមាណ ១,៨៩ លាននាក់ ដើរលេងកម្សាន្ដទូទាំងប្រទេស កើនឡើង ៥២,២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
តាមៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា « នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២, ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២»។

ក្រសួងបន្ដថា ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត បានរាប់បញ្ចូលចំនួនទេសចរជាតិ និងចំនួនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។
ក្រសួងបន្ថែមថា តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះ ខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនា ដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ក្រសួងបន្ថែមថា ចំពោះ សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕
