សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA មជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងសមាគមខ្មែរនាសាធារណរដ្ឋកូរ៉េ រៀបចំ “សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៤ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៦ ៥០០នាក់។

កម្មវិធីសង្រ្កាន្តខ្មែរ ចាប់ផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។ បន្ថែមពីនេះក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរជាច្រើន ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។


សូមបញ្ជាក់ផងដែរថា កម្មវិធីធំ “មហាសង្ក្រាន្តខ្មែរនៅកូរ៉េ” នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗពីប្រទេសកម្ពុជា និងបន្តសហការរៀបចំនៅតាមតំបន់នានានៅសប្តាហ៍បន្តបន្ទាប់ទៀតរហូតដល់សប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤៕







