កម្សាន្ត

ប្រធានសមាគមសិល្បករខ្មែរ អញ្ជើញសួរសុខទុក្ខ លោកយាយ ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលមានជំងឺប្រចាំកាយជាច្រើនមុខ

ភ្នំពេញ៖ លោកស្រី ម៉ៅ​ ចំណាន​ ប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី២១ ឧសភា បានអញ្ជើញសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខជាពិសេសបញ្ហាឆ្អឹងខ្នង ដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយកំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញ រង់ចាំការព្យាបាលបន្ត។

ក្នុងឱកាសនោះ លោកស្រីប្រធានសមាគមសិល្បករខ្មែរ បានសាកសួរ អំពីអាការៈរបស់លោកយាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗ ដើម្បីសម្រាលបន្ទុកចំណាយ របស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់៨៥ឆ្នាំទៅហើយ និងកំពុងរស់នៅតែពីរនាក់កូនស្រី ដែលមានវ័យ៧០ឆ្នាំ។

ជាមួយគ្នានោះ លោកស្រីប្រធាន ក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកស្រីផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត​ ដេីម្បីសម្រាលបន្ទុកចំណាយមួយផ្នែក និងដោយមើលឃើញថា ភរិយារបស់អធិរាជសំឡេងមាស ជាអ្នកមានសទ្ធារក្សាសីលជាប្រចាំ លោកស្រីក៏ជូននូវថវិកាដោយឡែក សម្រាប់លោកយាយធ្វើបុណ្យទានផងដែរ។

កាយវិការដ៏ប្រពៃ របស់ប្រធានសមាគមសិល្បករខ្មែរ ពិតមិនអាចធ្វើឱ្យភរិយា អធិរាជសំឡេងមាសរូបនេះ ទប់ទឹកភ្នែកបានឡើយ។ លោកយាយបានបង្ហាញអារម្មណ៍រំភើប ព្រមជាមួយនឹងពាក្យពេចន៍អរគុណ និងជូនពរចំពោះលោកស្រីប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់លោកយាយផងដែរ៕

To Top