ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេល ជាង២សប្តាហ៍បានធ្វើឱ្យអាងទឹកមួយចំនួនក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើ ស្រូវវស្សាជុំវិញអាង ក៍ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ ។
ក្រសួងបញ្ជាក់ថា «បច្ចុប្បន្នអាងទឹកវ៉ៃគោ កំពុងរងសំពាធយ៉ាងខ្លាំង កម្ពស់ទឹកលើស ពីកម្រិតប្រកាសប្រុងប្រយ័ត្ន បានធ្វើអោយស្រូវវស្សា និងភូមិឋាន តាមបណ្តាយអាងទឹកនេះ មួយចំនួនបានលិច»។
ក្រសួងបន្តថា ទោះបីយ៉ាងណា តាមរយៈជំនួយបច្ចេកទេស និងសម្ភារៈមួយចំនួន នៃក្រសួងធនធានទឹកនិងឧតុនិយមលោកអភិបាលខេត្តស្វាយរៀងបានដឹកនាំមន្ត្រីរាជការនៃមន្ទីរជំនាញនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រមាណ៣០០នាក់ ចូលរួមធ្វើការទប់ ការពារជំនន់ទឹកភ្លៀង អាចហូរលើទំនប់រង បានប្រវែង២៥០ម៉ែត្រ និងកាយកំប្លោកដើម្បី សម្រួលផ្លូវទឹកហូរឲ្យលឿនជាងមុន នៅប៉ែកខាងក្រោមបង្ហៀរវ៉ៃគោ ទម្លាក់ចុះទៅព្រែកផ្នែកខាងក្រោម។
ជាមួយគ្នានេះដែរ ក៏បានចុះអន្តរាគមន៍ កាយកំប្លោក និងកញ្ឆែតដែលធ្វើឲ្យ ស្ទះទ្វារទឹកតាហោ អាងទឹកវ៉ៃគោ ដើម្បីបង្កើនល្បឿនទឹកហូរ និងដោះទឹកដែលលើសពីតម្រូវការក្នុងអាង ហើយត្រៀមអន្តរាគមន៍ជាប្រចាំ ៕




