ស្ថានភាពជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងហូរចាក់មកពីប្រទេសថៃ

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហូរចាក់មកពីប្រទេសថៃ ។

តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង សូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹក អូរព្រំដែន កើនឡើង និងហូរបុកលើកំណាត់ផ្លូវ ក្បែរដល់រង្វង់មូលប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះ ក៍បានបង្ករឲ្យមានការជនលិច ក្នុងភូមិមួយចំនួន ដែលក្រុមការងារបានជម្លៀស ប្រជាពលដ្ឋ មកកាន់ទីទួលសុវត្ថិភាព ប្រមាណ១០០០គ្រួសារក្នុងថ្ងៃនេះ ។

រដ្ឋបាលខេត្តបាន ឱ្យដឹងបន្ថែមថា ល្ងាចថ្ងៃទី១៩ តុលានេះដែរ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ឡាយ គឹមលី នាយកខុទ្ទកាល័យ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ កងកម្លាំង អាជ្ញាធរក្រុង បានចុះពិនិត្យមើលស្ថានភាពទឹក នៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស មកទីទួលសុវត្ថិភាព រៀបចំកន្លែងឲ្យពួកគាត់រស់នៅ និងផ្តល់ស្បៀង សង្គ្រោះបន្ទាន់ ជាជំហ៊ានដំបូង ១០០០គ្រួសារ នាវេលាយប់នេះផងដែរ ។

រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ពុក ម៉ែមាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនក្នុងក្រុងប៉ោយប៉ែត សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំង ឱ្យបានទាន់ពេលវេលា ៕

To Top