ភ្នំពេញ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះស្តារប្រឡាយក្របៅ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។




ប្រឡាយក្របៅ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល របស់ក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ ចូលទៅក្នុងបឹងរាន បន្តដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងការស្តារប្រឡាយធម្មជាតិនេះ ក្រសួងបានប្រើប្រាស់អេស្កាវ៉ាទ័រដៃវែង ដៃខ្លី និងរថយន្តបែន សម្រាប់ ដឹកកំប្លោក និងល្បាប់ភក់ ដែលបានគោករាក់ នៅតាមពោះប្រឡាយ ដែលមានប្រវែងប្រមាណ ៤.៥០០ ម៉ែត្រ ។
ជាមួយគ្នានេះ ក៏បានបន្ថែមម៉ាស៊ីនបូមទឹកចំនួនមួយគ្រឿងទៀត លើស្ថានីយបូមទឹក ដែលមានស្រាប់ នៅលើប្រឡាយក្របៅ និងបានចាត់តាំងអ្នកបច្ចេកទេសគ្រឿងចក្រ ឲ្យយាមប្រចាំការ នៅលើទីតាំងនោះផងដែរ ដើម្បីត្រៀមទុកការពារក្រែង មានសភាពការណ៍បន្ទាន់កើតឡើង ។


សូមបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងពីថ្ងៃ៦ កញ្ញា បានធ្វើឲ្យក្រុងតាខ្មៅ មានទឹកជន់លិចជាខ្លាំងរហូតក្លាយជាជំនន់ទឹកភ្លៀង។


ក្រោយមានជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ក៏បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ បណ្តោះអាសន្ន ចាប់ពីថ្ងៃ៧-១៥ កញ្ញា ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ ៕





















