ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាកម្ពុជាបានរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុ នឹងធ្វើឲ្យមាន ភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍ខាងមុខ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៤ កុម្ភៈនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ១៥-២១កុម្ភៈ កម្ពុជា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាព អតិបរមា ៣២-៣៤ អងង្សាសេ។ នៅថ្ងៃ១៥ កុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មក បរិមាណភ្លៀងនឹងថម ថយមកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ ។
ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងតិចតួចលាយឡំ និងខ្យល់បក់ក្នុងល្បឿនមធ្យម ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២ អង្សាសេ។ នៅថ្ងៃ១៥ កុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ ៕