ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីណែនាំស្តីពីវិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករនិយោជិតក្នុងករណីមានគ្រោះ ជំនន់ទឹកភ្លៀងដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថាដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រដែលមានរោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិតក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
ក. មា្ចស់ ឬនាយករោងចក្រ សហគ្រាស
១. ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
២. រៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករ និយោជិតក្នុងករណីមានទឹកជំនន់។
៣. ត្រូវធ្វើការត្រួតពិនិត្យបណ្ដាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុ
ណាមួយ។
៤. ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះមានជាអាទិ៍ ក្នុងករណី លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
៥. ត្រូវទុកដាក់វត្ថុធាតុដើម សម្ភារសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវផុតពីទឹក និងមាន សុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
៦. ត្រូវរៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
៧. ត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុម ជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងរោងចក្រ សហគ្រាស នៅពេល មានទឹកជំនន់។
៨. ត្រូវអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីវិធានការសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារ សុវត្ថិភាពកម្មករនិយោជិតនៅ ពេលមានទឹកជំនន់កើតឡើង។
៩. ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់
ព្រមទាំង សហការ ឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណី
ស្ថាប័នពាក់ព័ន្ធ មានការណែនាំជាក់ស្តែង។
១០.ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណរោងចក្រ សហគ្រាស និង ធ្វើអនាម័យបង្គន់ឡើងវិញក្រោយពេលទឹកជំនន់។
ខ. កម្មករនិយោជិត
១. ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ ឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹក ឬខាំ។ ២. ត្រូវចូលរួមអនុវត្តជាចាំបាច់តាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។ ៣. ត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
៤. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការអនាម័យសុខាភិបាល និងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការការពារសុខភាព ត្រៀមបង្ការ និង ឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់។
៥. ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានារបស់ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណី មានការណែនាំជាក់ស្តែង។
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតត្រូវជូនដំណឹងមកក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ តាមរយៈប្រព័ន្ធ Holine លេខ “១២៩៧” ឬក្រុមតេឡេក្រាម “សម្រាប់និយោជក” https://t.me/EmployerChat ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” https://t.me/KhmerWorkerChat និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករ និយោជិតក្នុងអំឡុងពេលមានទឹកជំនន់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក សហគ្រាស និងកម្មករនិយោជិតទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះបានត្រឹមត្រូវ និងធានាបាន នូវប្រសិទ្ធភាពខ្ពស់៕