ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ល លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរណ៍នយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖
១/ ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួលខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
២/ ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្តាល សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ។ បន្ទាប់ពីស្ថានភាព ជំនន់ទឹកភ្លៀងស្រុកចុះ រដ្ឋបាលខ័ណ្ឌកំបូលនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ការិយាល័យ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលសង្កាត់ទាំង៧ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។