បរទេស៖ ផ្លូវត្រូវបានជន់លិច ហើយរថយន្តបានឈប់គាំងនៅតាមផ្លូវ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ អស់រយៈពេលជាង ៣ ម៉ោងកាលពីយប់ថ្ងៃច័ន្ទ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ផ្នែកខ្លះនៃទីក្រុងប៉ាតាយ៉ា និងនៅជាប់នឹងស្រុក Bang Lamung ក្នុងខេត្ត Chon Buri ត្រូវបានជន់លិច រួមទាំងផ្នែកមួយនៃផ្លូវ Sukhumvit នៅភាគខាងត្បូងប៉ាតាយ៉ា ដែលតភ្ជាប់ប៉ាតាយ៉ាជាមួយខេត្តផ្សេងទៀត។
ក្រោយមក ទឹកបានស្រកអស់ ហើយអ្វីៗស្ទើរតែត្រឡប់មកធម្មតាវិញហើយ នៅព្រឹកថ្ងៃអង្គារនេះ។ នាយកដ្ឋានឧតុនិយមបានចេញសេចក្តីជូនដំណឹងមួយទៀតនៅថ្ងៃអង្គារនេះ ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងខេត្តភាគខាងកើត និងតំបន់ផ្សេងទៀតរហូតដល់ថ្ងៃសៅរ៍។
ព្យុះត្រូពិច Yagi ដែលឥឡូវនេះបានរំកិលទៅទិសខាងលិចឆ្លងកាត់សមុទ្រចិនខាងត្បូង បន្ទាប់ពីចាកចេញពីប្រទេសហ្វីលីពីន និងមិនត្រូវបានរំពឹងថានឹងប៉ះពាល់ដល់ប្រទេសថៃនោះទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ដោយសារខ្យល់ព្យុះក្នុងប្រទេសហ្វីលីពីន ជាកន្លែងដែលសាលារៀន និងការិយាល័យរដ្ឋាភិបាលនៅតែបិទនៅក្នុងទីក្រុងម៉ានីល និងខេត្តក្បែរនោះនៅថ្ងៃអង្គារ៕
ប្រែសម្រួលៈ ណៃ តុលា