ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងពីអាកាសធាតុខ្យល់នៅទូទាំងប្រទេសថា នាព្រឹកថ្ងៃ២៧ មករានេះ ស្ទើរតែពេញផ្ទៃប្រទេស គឺស្ថានភាពខ្យល់មានគុណភាពល្អណាស់ មិនមានបញ្ហាអ្វីនោះទេ។
លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ មករា ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៦ មករា ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧ព្រឹកថ្ងៃទី២៧ មករា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៩២មីក្រូក្រាមក្នុងមួយម៉ែត្រគីប ធៀបនឹងស្តង់ដា៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគីប និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់” ។
សូមបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានទទួលរងឥទ្ធិពលដោយការចុះអ័ព្ទយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាមិនមានការកើនឡើងនៃកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាសដែលជាហានិភ័យនៃការប្រកាសអាសន្ននៅឡើយទេ ៕



