សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើន កម្រិតភាពតានតឹង ក្នុងអារម្មណ៍របស់អ្នក ឲ្យកាន់តែមានលក្ខណៈ ធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវា នៅពេលមានអារម្មណ៍ តានតឹងស្មុគស្មាញនោះ។
1) ស្តាប់ភ្លេងរ៉ុកខ្លាំងៗ៖
តាមធម្មតា ភ្លេងរ៉ុកធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំង ជាងធម្មតាស្រាប់ហើយ រួចចុះទម្រាំមនុស្សកំពុងតែមាន ភាពតានតឹងក្នុងអារម្មណ៍ ហើយមកប៉ះសំលេងភ្លេងខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀកទៀតនោះ វាកាន់តែធ្វើឲ្យហ៊ឹងត្រចៀក និងមានអារម្មណ៍ ច្របូកច្របល់។
2) អុកឡុកអ្នកជុំវិញខ្លួន៖
បើអ្នកសំដែងអាការមុខក្រញូវ និយាយស្តីទ្រគោះបោះបោក ដាក់អ្នកជុំវិញខ្លួន ពេលនោះគេនឹងមានប្រតិកម្ម អវិជ្ជមានបកមកវិញភា្លមៗ ហើយវាកាន់តែធ្វើឲ្យអ្នក ស្មុគស្មាញខ្លាំងថែមទៀត។ វិធីនេះមិនត្រឹមតែមិនបាន ជួយឲ្យអារម្មណ៍អ្នក ធូរស្បើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើត សត្រូវថែមទៀត។ ដូច្នេះយល់ល្អ កាលណាយើងមានអារម្មណ៍ថា តានតឹងខ្លាំង យើងគួរតែចេះរំងាប់អារម្មណ៍ម្នាក់ឯង រហូតដល់អារម្មណ៍ល្អ ទើបជាការប្រសើរ ដើម្បីសុវត្ថិភាពជីវិត និង មិត្តភាពរបស់យើងផង។
3) ផឹកកាហ្វេបំបាត់ភាពតានតឹង៖
បើគ្រាន់តែផឹក១ពែង នោះមិនជាថ្វីទេ ប៉ុន្តែកុំផឹកកាហ្វេដូចផឹកទឹកសុទ្ធ ពីព្រោះជាតិកាហ្វេអ៊ីន មិនមែនជាទឹកសេរ៉ូ ទេ តែកាលណាយើងផឹកចូលទៅ វានឹងរំញោចឲ្យបេះដូង លោតខ្លាំង ញ័រដៃញ័រជើង ខួរក្បាលច្របូកច្របល់ ធ្វើឲ្យអ្នកកាន់តែតានតឹង អារម្មណ៍ថែមទៀត។ ស្រួលមិនស្រួលអាចគាំងបេះដូងស្លាប់ ក៏អាចថាបាន។
4) បបួលមិត្តភក្តិទៅផឹក៖
ស្រាមានជាតិអាល់កុល កាលណាយើងផឹកចូលទៅ គឺវាត្រូវតែស្រវឹងជារឿងធម្មតា។ ពេលដែលកំពុងផឹកស៊ីសប្បាយជាមួយមិត្តភក្តិ អ្នកនឹងអាចបាត់តានតឹងមែន ប៉ុន្តែលុះដល់ស្អែកឡើងអ្នកនឹងឈឺក្បាល ធេងធោង ស្ងួតមាត់ និងគិតអ្វីក៏មិនចេញពេញមួយថ្ងៃ។
5) ទូរស័ព្ទទៅជជែក ជាមួយសង្សារ
ពេលអ្នកដែលស្មុគស្មាញតានតឹង អ្នកអាចចង់បានពាក្យលួងលោមពីគេ។ ប៉ុន្តែភាពតានតឹងច្រើន តែបញ្ជាឲ្យយើងភ្លេច បង្កើតពាក្យពេចន៍ឲ្យពិរោះត្រចៀក ហើយក៏កើតទៅជាយើង យកភាពតានតឹង ទៅបញ្ចេញដាក់សង្សារ រហូតក្លាយទៅជាជម្លោះ។ ម្តងនេះមិនគ្រាន់តែតានតឹង ស្មុគស្មាញរឿងការងារទេ ថែមទាំងអង្គុយតានតឹង រឿងសង្សារថែមមួយករណីទៀត៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា