សុខភាព

តើអ្នកមានស្បែក ស្រស់ថ្លា ដោយរបៀបណា?

១- កុំប្រើប្រាស់ផលិតផល ថែទាំស្បែកច្រើនពេក៖
ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អ ដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វី ដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែក ក្នុងបរិមាណមួយ សមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង។

ម្យ៉ាងទៀត អ្នកអាចប្រើផលិតផល ច្រើនប្រភេទ លាបលើស្បែក​ប៉ុន្តែអ្នកត្រូវប្រាកដ​ក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែក ដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗ ប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើម ដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។

២-យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិ៖
អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ ឲ្យបានត្រឹមត្រូវ​ដើម្បីថែរក្សាស្បែក ពិតជាមានសារសំខាន់ណាស់ ប៉ុន្តែមិនមែនគ្រប់ផលិតផល សុទ្ធតែល្អទាំងអស់នោះទេ ព្រោះវាអាស្រ័យ​លើប្រភេទស្បែក។ ដូច្នេះដើម្បីទទួលបាន ប្រសិទ្ធភាពខ្ពស់ គួរជ្រើសរើសផលិតផល ដែលសមស្របនិងស្បែក។

៣- ធ្វើអារម្មណ៏ឲ្យធូរស្រាល៖
ភាពតានតានតឹងជះឥទ្ធិពលខ្លាំង ដល់អ្នកជាពិសេស ដែលធ្វើឲ្យសុខភាពស្បែក​មានបញ្ហា ។​ ដោយហេតុថា ភាពតានតឹងជាប្រចាំ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ធ្វើឲ្យមានលេចចេញនូវស្នាមក្រហម និងមុន។ ដូច្នេះគួរជៀសវាង នូវបញ្ហាផ្សេងៗ ដែលធ្វើឲ្យមានអារម្មណ៏តានតឹង ដែលប៉ះពាល់ដល់ស្បែក ហើយគួរតែសាកល្បង ប្រើផលិតផល ដែលជួយឲ្យស្បែក មានភាពទន់ភ្លន់ល្អ។

៤-ផ្លាស់ប្តូរវវិធី ថែទាំស្បែក ទៅតាមអាកាសធាតុ៖
អ្នកមិនត្រូវគិតថា ការប្រើប្រាស់ផលិតផល ថែរក្សាស្បែកតែមួយប្រភេទពេញ មួយឆ្នាំជាការល្អ ចំពោះសុខភាពស្បែក របស់អ្នកនោះទេ។ ប៉ុន្តែអ្នកត្រូវយល់ ពីសភាពស្បែក របស់អ្នកឲ្យបានច្បាស់ និងសង្កេតពីភាព ប្រែប្រួលរបស់ស្បែក ហើយផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលចាំបាច់ដូចជា នៅរដូវរងារ ដែលធ្វើឲ្យស្បែកស្ងួត ខុសពីធម្មតានោះ គួរបន្ថែមសំណើមដល់ស្បែក ឲ្យបានច្រើនជាងធម្មតា ហើយនៅរដូវក្តៅគួរប្រើផលិតផល ដែលមានលក្ខណៈស្រាលជាងធម្មតា។

៥-អត់ធ្មត់ក្នុងការថែទាំស្បែក៖
ផលិតផលថែរក្សាស្បែក គ្រប់ប្រភេទ ពុំអាចផ្តល់ផលឲ្យឃើញភ្លាមៗទេ យ៉ាងតិច១-២ សប្តាហ៏ ទើបអាចឃើញផលជាក់ស្តែង ហើយដើម្បីទទួលបានផល កាន់តែប្រសើរនោះ គួរថែទាំស្បែក ដោយយកចិត្តទុកដាក់ជាប្រចាំ។ វាដូចជាការហាត់ប្រាណ ដូច្នេះដែរ ពេលដែលអ្នកហាត់ប្រាណ ១ ឬ ២សប្តាហ៏ដំបូងនោះ សុខភាពរបស់អ្នក ពុំអាចរឹងមាំទេ។ រីឯការថែទាំស្បែក ក៏ដូចជានេះដែរ វាត្រូវការប្រើរយៈពេលយូរ និងភាពអត់ធ្មត់។

៦-ការពារស្បែកពីកំដៅថ្ងៃ៖
អ្នកជំនាញមួយចំនួន បានណែនាំថា គួរលាបក្រែមការពារកម្តៅថ្ងៃ ជារៀងរាល់​ថ្ងៃ ប៉ុន្តែអ្នកជំនាញមួយចំនួនទៀត បានផ្តល់យោបល់ថា គួរលាបក្រែមការពារកំដៅថ្ងៃ ប៉ុន្តែពេលណាដែល មានថ្ងៃក្តៅបានហើយ ព្រោះស្បែកមានប្រព័ន្ធការពារ ពីធម្មជាតិរួចមកហើយ ការលាបក្រែម ការពារកម្តៅថ្ងៃច្រើនពេក ធ្វើឲ្យប្រព័ន្ធការពារ ពីធម្មជាតិ ចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។

ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំង គួរលាបក្រែមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណា ដែលមេឃស្រទំ ពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះ អ្នកគួរប្តូរលាបក្រែម ដែលផ្សំពីសារធាតុ ប្រឆាំងអុកស៊ីតកម្មវិញ ទើបជាការប្រសើរ ព្រោះការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចកាត់បន្ថយភាពខូចខាត នៃស្បែក ដែលបណ្តាលមកពី កម្តៅព្រះអាទិត្យបានដែរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top