អ៊ីស្លាម៉ាបាដ៖ ប្រធានសភាជាតិប៉ាគីស្ថាន លោក Raja Pervaiz Ashraf បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុសកល កំពុងដើរតួជាការគំរាមកំហែង យ៉ាងពិតប្រាកដ ចំពោះសន្តិសុខមនុស្សជាតិ ហើយវិធានការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់វិធានការ ដើម្បីទប់ទល់នឹងវា។
ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា រយៈពេលពីរថ្ងៃរួមគ្នា ដោយសហភាពអន្តរសភា (IPU) និងរដ្ឋសភាប៉ាគីស្ថាន លោក Ashraf បានឲ្យដឹងថា សមាជិកសភានៃសភានានា ក្នុងពិភពលោក គួរតែដើរតួរនាទីរបស់ពួកគេ ក្នុងការកាត់បន្ថយប្រកបដោយប្រសិទ្ធភាព នៃវិបត្តិអាកាសធាតុ។
សិក្ខាសាលានេះមានចំណងជើងថា “សិក្ខាសាលាថ្នាក់តំបន់ នៃសហភាពអន្តរសភាលើកទី៣ ស្តីពីការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់សភាអាស៊ី-ប៉ាស៊ីហ្វិក” នៅឯវិមានរដ្ឋសភាប៉ាគីស្ថាន សិក្ខាសាលានេះមានគោលបំណងកែលម្អ ការសម្របសម្រួលក្នុងចំណោម បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការរៀបចំមធ្យោបាយ និងមធ្យោបាយនៃការសម្រេច បាននូវវិបុលភាពប្រកបដោយចីរភាព។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងសមាជិកសភាក្នុងស្រុក និងគណៈប្រតិភូបរទេសដែលចូលរួមនោះ លោក Ashraf បានលើកឡើងថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ បើទោះបីជាមានការធ្វេសប្រហែសរបស់ខ្លួន ចំពោះការឡើងកំដៅផែនដីក៏ដោយ។
លោកបន្ថែមថា “ប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុត ពីការប្រែប្រួលអាកាសធាតុ បើទោះបីជាបានរួមចំណែកតិចជាង ១ភាគរយ ដល់ការបំភាយឧស្ម័នសកលក៏ដោយ ហើយទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថានបានបណ្តាល ឱ្យបាត់បង់ជីវិតដ៏មានតម្លៃ ដែលមិនអាចជួសជុលបាន និងការបំផ្លិចបំផ្លាញ ដល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមទាំងផ្លូវ ផ្ទះ សាលារៀន និងសុខភាពជាមូលដ្ឋាន”។
លោកបានបន្ដថា ប្រទេសរបស់លោក កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការជួយសង្គ្រោះ និងស្តារឡើងវិញនូវប្រជាជន ដែលរងផលប៉ះពាល់ ប៉ុន្តែពិភពលោកក៏គួរតែដើរតួនាទីរបស់ខ្លួន ក្នុងការជួយប៉ាគីស្ថាន ក្នុងពេលដែលត្រូវការជំនួយ៕ បករែសម្រួល ឈូក បូរ៉ា