សុខភាព

ជំនួបវេជ្ជបណ្ឌិត ស្ដីពីការគ្រប់គ្រងជំងឺរលាកថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើម បង្កដោយវីរុស

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី០9 ខែវិច្ឆិកា ឆ្នាំ2024ម្សិលមិញនេះ, កម្មវិធីជំនួបវេជ្ជបណ្ឌិតស្ដីពីការគ្រប់គ្រងជំងឺរលាកថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើមដែលបង្កដោយវីរុសត្រូវបានរៀបចំឡើងដោយ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា (HEA) ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានគណៈកម្មការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកចំណេះដឹងពីសំណាក់វាគ្មិនកិត្តិយសដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ក៏ដូចជាមហារីកថ្លើមដល់បណ្ដាវេជ្ជបណ្ឌិត ដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលដល់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត HEA បានរៀបចំនូវកម្មវិធីពិសេស ប្រគល់ពានកិត្តិយសសម្រាប់វេជ្ជបណ្ឌិតគំរូ ១០រូប ដើម្បីបង្ហាញពីការទទួលស្គាល់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងក្នុងការពិនិត្យ និងព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ក៏ដើម្បីជាការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតដ៏ទៃទៀតឱ្យបន្តខិតខំប្រឹងប្រែង រួមសាមគ្គីក្នុងបេសសកម្មលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ។ រួបរួមគ្នាស្មារតីជាធ្លុង មួយ ដើម្បីលើកកម្ពស់ការផ្ដល់សេវាព្យាបាល ដែលមាន គុណភាព និងប្រសិទ្ធភាព។ 

ប្រធានបទសំខាន់ៗដែលបានលើកឡើងពីវាគ្មិន មានដូចជា
 • បច្ចុប្បន្នភាពនៃកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា – លោកវេជ្ជបណ្ឌិត កែវ សំឡី
 • ជំងឺរលាកថ្លើមប្រភេទបេ និងការព្យាបាល – លោកសាស្ត្រាចារ្យ ឱម សិរីវិជិត
 • ការព្យាបាលបង្ការរលាកថ្លើមប្រភេទបេ និងសេក្រោយការប៉ះពាល់វីរុស – លោកវេជ្ជបណ្ឌិត គឺម ចំរើនសាន្ត
 • សារៈសំខាន់នៃការស្វែងរកមហារីកថ្លើមលើអ្នកជំងឺរលាកថ្លើម – លោកវេជ្ជបណ្ឌិត ជា ចាន់ឌី

ជំងឺរលាកថ្លើមប្រភេទបេ និងសេ គឺជាជំងឺឆ្លងដែលគ្រោះថ្នាក់ និងត្រូវបានហៅថាជា “ឃាតករលាក់មុខ” ដែលមានអត្រាស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញបានឱ្យដឹងថា ករណីដែលបានកើតឡើងច្រើនជាងគេ គឺការឆ្លងពីម្ដាយទៅទារកអំឡុងពេលសម្រាល ដូចនេះសូមលើកទឹកចិត្តឱ្យ មានការចាក់វ៉ាក់សាំងការពារដល់ស្ត្រីដែលមានគភ៌ និងទារកឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។ បន្ថែមពីនេះ ស្ថាប័នរដ្ឋ និងឯកជន នឹងបន្តខិតខំប្រឹងប្រែងបញ្ជ្រាបនូវចំណេះដឹង និងពង្រីកវិសាលភាពនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ឱ្យបានកាន់តែទូលំទូលាយថែមទៀត។ 

អនុឡោមទៅតាមគោលដៅរបស់អង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេក្នុង ឆ្នាំ២០៣០ HEA បានធ្វើការយ៉ាងសកម្មទន្ទឹមគ្នាជាមួយនឹងកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមថ្នាក់ជាតិ ដើម្បីចូលរួមកម្លាំងលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេ។ ទន្ទឹមនឹងនេះ HEA ត្រូវបានផ្ដូចផ្ដើមឡើងដោយឈរលើចក្ខុវិស័យ ដើម្បីប្រទេសកម្ពុជាជៀសផុតពីការគំរាមកំហែងនៃជំងឺរលាកថ្លើមប្រភេទបេ និងសេ។ HEA ដើរតួនាទីជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជនដើម្បីផ្សព្វផ្សាយការយល់ដឹង ពង្រីកវិសាលភាព និងសម្របសម្រួលតម្លៃនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេដល់ ប្រជាជនកម្ពុជា។ បច្ចុប្បន្ន HEA បានសហការជាមួយមន្ទីរពិសោធន៍ និងវេជ្ជបណ្ឌិតជាច្រើនរូបនៅតាមបណ្តាខេត្ត និងក្រុងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្ដល់នូវសេវាព្យាបាលដែលមានតម្លៃសមរម្យ។ កន្លងមក HEA បានរៀបចំវគ្គបណ្ដុះបណ្ដាលសរុបចំនួន៥លើក និងកម្មវិធីជំនួបពិភាក្សាចំនួន៣លើករួចមកហើយ នឹងបន្តរៀបចំកម្មវិធីដែលផ្ដល់ប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ ដល់វេជ្ជបណ្ឌិត និងប្រជាជនកម្ពុជាបន្ថែមទៀត៕

To Top