សុខភាព

ទារកម្នាក់កើតមកទម្ងន់ជិត៦គីឡូក្រាម កំពុងទទួលការព្យាបាល

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃ២៤ មេសា បានប្រកាសពីភាពជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម ប៉ុន្តែទោះបីជាជោគជ័យ ក៏ទារករូបនេះត្រូវទាមទារការព្យាបាលបន្តទៀតដែរ ដើម្បីការពារសុវត្ថិភាពខ្លាចជួបបញ្ហាអ្វីមួយ ។ នេះបើតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា ។

ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ បានដោយជោគជ័យ នៅវេលាម៉ោង ៩ និង៣៨ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។

បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយ វេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ មានទីលំនៅនៅ ភូមិ២ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។

ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ មានគោលបំណងដើម្បីកាត់បន្ថយនិងទប់ស្កាត់កត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា ឬក្បាល ការរបួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទនៃដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ ជាដើម៕

To Top