បរទេស៖ រដ្ឋាភិបាលតួកគី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ទើបបានឈានដល់ការសម្រេច បាននូវកិច្ចព្រមព្រៀងគ្នា ជាប្រវត្តិសាស្ត្រមួយ បង្កើតតំបន់គ្មានអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរីភាគខាងជើង។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសអំពីកិច្ចព្រមព្រៀងនោះ ក្រោយជួបគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងទីក្រុង សូជី ប្រទេសរុស្ស៊ី ជុំវិញរឿងប្រតិបត្តិការសន្តិភាព របស់ប្រទេសតួកគី ឈ្មោះ Operation Peace Spring។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានឲ្យដងថាប្រតិបត្តិការនោះ បានចាប់ផ្តើមនៅថ្ងៃទី០៩ ខែតុលា នៅប្រទេសស៊ីរីភាគខាងជើង ដើម្បីរក្សាសន្តិសុខព្រំដែនតួកគី និងបណ្ដេញពួកភេរវករ ចេញពីប្រទេសស៊ីរី ភាគខាងជើង ហើយប្រធានាធិបតីតួកគី បានមានប្រសាសន៍ថា លោកទាំងពីរបានព្រមព្រៀងគ្នា ហាមឃាត់មិនឲ្យមាន ចលនាបះបោរចេញពីតំបន់គ្មានអំពើភេរវកម្ម នៃប្រទេសស៊ីរីនោះ៕
ប្រែសម្រួល៖ប៉ាង កុង