បរទេស៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា យន្តហោះចម្បាំង F-15E Strike Eagle បានធ្វើដំណើរ ទៅដល់មូលដ្ឋានទ័ពអាកាស Al Dhafra សហភាពអារ៉ាប់រួម កាលពីសប្ដាហ៍មុន ដើម្បីគាំទ្រប្រតិបត្តិការ ដែលកំពុងតែប្រព្រឹត្តទៅ នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ដោយលើកឡើងពីក្តីព្រួយបារម្ភ ស្តីពីសន្តិសុខប្រតិបត្តិការ កងទ័ពអាកាសសហរដ្ឋអាមេរិក មិនបានបញ្ជាក់ថា មានយន្តហោះប៉ុន្មានគ្រឿង បានទៅដល់នោះទេ ប៉ុន្តែយន្តហោះទាំងនោះ ចូលរួមជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35A Lightning II យន្តហោះចម្បាំង KC-10 Extender យន្តហោះ E-3 Sentry និងយន្តហោះ RQ-4 Global Hawk នៅមូលដ្ឋានទ័ពនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាល របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការបញ្ជូនយន្តហោះចម្បាំងនេះ គឺជាដំណើរគាំទ្រ ដល់ប្រតិបត្តិការកំពុងតែប្រព្រឹត្តទៅ ដើម្បីរក្សាឧត្តមភាពដែនអាកាស ការពារកងកម្លាំងជើងគោក ធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូក្នុងតំបន់ និងបង្ហាញការប្តេជ្ញាមួយ ចំពោះសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង