ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា មេដឹកនាំក្រុមរដ្ឋឥស្លាម ជ្រុលនិយម al-Baghdadi បានស្លាប់

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យថា លោក Abu Bakr al-Baghdadi ជាមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីភាគនិរតី។

នៅក្នុងសន្និសីទព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បានមានប្រសាសន៍ថា មេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយមនោះ បានភៀសខ្លួនគេចពីបុគ្គលិក យោធាសហរដ្ឋអាមេរិក នៅក្នុងអំឡុងប្រតិបត្តិការថ្ងៃសៅរ៍ ហើយបានធ្វើការបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមជាមួយនឹងក្មេងចំនួន៣នាក់ទៀត។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា “គ្មានបុគ្គលិយោធាណាម្នាក់ បានបាត់បង់នៅក្នុងប្រតិបត្តិការនោះទេ ស្របពេលដែលកងកម្លាំងប្រយុទ្ធរបស់លោក Baghdadi និងគូកនត្រូវបានសម្លាប់ជាមួយលោកនោះ”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top