បរទេស ៖ យោងតាមសេចក្តីថ្លែង ការណ៍រួមគ្នាមួយ ដែលចេញនៅថ្ងៃអាទិត្យ បានឲ្យដឹងថា ប្រទេសប្រេស៊ីល និងសហភាពអារ៉ាប់រួម ទើបបានព្រមព្រៀងគ្នាពង្រីកជំនួញ រវាងប្រទេសទាំងពីរ និងជំរុញបង្កើនភាពជាដៃគូ នៃថវិកាវិនិយោគ នៅក្នុងវិស័យនានា ដូចជាវិស័យកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងការពារជាតិ។
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កំពុងតែនៅសហភាពអារ៉ាប់រួម ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅទូទាំងអាស៊ីនិងតំបន់មជ្ឈិមបូព៌ា ដើម្បីទាក់ទាញការវិនិយោគ ឲ្យប្រទេសប្រេស៊ីល ហើយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ជាព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម។
សេចក្តីថ្លែងការណ៍បាននិយាយប្រាប់ថា “មេដឹកនាំទាំងពីរបានបង្ហាញឲ្យឃើញនូវសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ល្អឥត់ខ្ចោះ រវាងប្រទេសប្រេស៊ីលនិងសហភាពអារ៉ាប់រួម និងបានបង្ហាញនូវការប្តេជ្ញាពង្រឹងវាបន្ថែមទៀត” ក្រៅពីនោះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវិស័យបច្ចេកវិទ្យាវៃឆ្លាត បរិស្ថាន ការពារជាតិ ជំនួញនិងពន្ធគយ៕
ប្រែសម្រួល៖ប៉ាង កុង