ព័ត៌មានអន្តរជាតិ

ព្រះរាជា នៃប្រទេសប៊ែលហ្ស៊ិក បានត្រាស់បង្គាប់ តែងតាំងស្ត្រី ជាលើកដំបូង ឲ្យធ្វើជានាយករដ្ឋមន្ត្រី

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ព្រះរាជា របស់ប្រទេសប៊ែលហ្ស៊ិក ព្រះបាទ Philippe បានត្រាស់បង្គាប់តែងតាំង រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងថវិកា និងសេវាកម្មសា ធារណៈ លោកស្រី Sophie Wilmes ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី ដោយជំនួសតំណែងលោក Charles Michel ដែលត្រូវឡើងកាន់តំណែង ជាប្រធានក្រុមប្រឹក្សសហភាពអឺរ៉ុប នៅក្នុងខែធ្នូ ។

គួរបញ្ជាក់ថា លោកស្រី Wilmes មានវ័យ៤៤ឆ្នាំ ត្រូវបានជ្រើសរើសកាលពីថ្ងៃសៅរ៍ ក្នុងនាមជានាយក រដ្ឋមន្ត្រីថ្មី និងបានចូលក្រាបបង្គំគាល់ព្រះរាជាកាលពីថ្ងៃអាទិត្យ ។

កាលពីថ្ងៃអាទិត្យ ព្រះបរមរាជវាំងប៊ែលហ្ស៊ិក បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “លោកស្រី Sophie Wilmes ត្រូវបានព្រះរាជាទទួលស្វាគមន៍ នៅក្នុងភាពជាឯកជនភាព នៅឯព្រះបរមរាជវាំងនៅក្រុងប៊ុរចស៊ែល ។ លោកស្រី ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី” ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top