ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នើបើកកិច្ចចរចាកម្រិតការងារ ជាមួយកូរ៉េខាងជើង ជុំវិញជម្លោះនៅភ្នំ Kumgang

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានស្នើសុំឱ្យកូរ៉េខាងជើង ធ្វើកិច្ចចរចាកម្រិតការងារ បន្ទាប់ពីក្រុងព្យុងយ៉ាង បានទាមទារឱ្យទីក្រុងសេអ៊ូល ដកទីតាំងរបស់ខ្លួន ចេញពីរមណីយដ្ឋានភ្នំ Kumgang។

ការស្នើសុំកិច្ចពិភាក្សានេះបានកើតឡើង ៣ថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានទាមទារ ឱ្យមានការដកហូតទីតាំង ដែលសាងសង់ដោយកូរ៉េខាងត្បូង នៅឯរមណីយដ្ឋានភ្នំ Kumgang តាមកាលបរិច្ឆេទ ដែលបានព្រមព្រៀងគ្នា ដោយនិយាយថា ការកំណត់កាលបរិច្ឆេទ និងព័ត៌មានលម្អិតផ្សេងទៀត អាចត្រូវបានពិភាក្សា ជាលាយលក្ខណ៍អក្សរ ជាជាងជជែកទល់មុខគ្នា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្មីៗនេះបានបញ្ជាឱ្យដកអគារ ដែលសាងសង់ដោយកូរ៉េខាងត្បូង ទាំងអស់តាមរយៈកិច្ចព្រមព្រៀង ជាមួយអង្គភាពពាក់ព័ន្ធនៃភាគខាងត្បូង ដោយសង្កត់ធ្ងន់ថា កូរ៉េខាងជើង មិនគួរពឹងផ្អែកលើកូរ៉េខាងត្បូង សម្រាប់កម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដែលបានផ្អាកឥឡូវនេះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top