ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួនក្រុមរដ្ឋឥស្លាម ចំនួន២៦នាក់ នៅភាគពាយព្យនៃ ប្រទេសតួកគី

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកបានរាយការណ៍ ឲ្យដឹងថា នៅថ្ងៃអង្គារនេះ ប៉ូលិសរបស់ ប្រទេសតួកគី បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២៦នាក់ ក្នុងនោះមានជនជាតិស៊ីរីចំនួន១២នាក់ នៅភាគពាយព្យនៃប្រទេសតួកគី ដែលសង្ស័យថា ជាក្រុមមានទំនាក់ទំនងជាមួយក្រុម សកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TRT បានផ្សាយថា ប៉ូលិស បានបើកប្រតិបត្តិការ នៅក្នុងទីតាំងមួយចំនួន នៅខេត្ត Bursa ឈានដល់ការចាប់ខ្លួន ក្រុមជនសង្ស័យទាំងនោះ ។

ប្រព័ន្ធផ្សាយ TRT បានផ្សាយទៀតថា ពលរដ្ឋស៊ីរី នឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលសម្រាប់ធ្វើការបែងចែកនៅខេត្ត Bursa ដើម្បីធ្វើការនិរទេសខ្លួន ។ គ្មានអត្តសញ្ញាណថាជាជនជាតិណាមួយនោះទេ សម្រាប់អ្នកដែលត្រូវចាប់ខ្លួនដទៃៗ ទៀតនោះ ៕

To Top