ព័ត៌មានអន្តរជាតិ

គេហដ្ឋានរបស់ អតីតប្រធានក្រុមប្រឹក្សាពិសេស និងជារដ្ឋបុរសរបស់ថៃ លោក ប្រេម ទីនស៊ូឡានុន នឹងត្រូវប្រគល់ឱ្យកងទ័ព

បរទេស៖ គេហដ្ឋានរបស់អតីត ប្រធានក្រុមប្រឹក្សាពិសេស និងជារដ្ឋបុរសរបស់ថៃ គឺលោក ប្រេម ទីនស៊ូឡានុន នឹងត្រូវប្រគល់ឱ្យកងទ័ព តាមរយៈការិយាល័យព្រះបរមរាជវាំង នៅថ្ងៃព្រហស្បតិ៍នេះ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកយាម បានបង្ហាញអ្នកយកព័ត៌មាន នៅជុំវិញលំនៅដ្ឋាន Si Sao Thewes របស់លោកប្រេម កាលពីថ្ងៃអង្គារ ហើយបាននិយាយថា រាល់របស់របរផ្ទាល់ខ្លួនរបស់លោក ប្រេម ត្រូវបានបញ្ជូន ទៅកាន់ Ban Sattha ដែលជាផ្ទះរបស់លោកមួយទៀត ក្នុងខេត្ត សុងក្លា ។

ការសូត្រធម៌ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងជាផ្នែកមួយ នៃពិធីបុណ្យសព សម្រាប់លោកឧត្តមសេនីយ៍ ប្រេម ត្រូវបានបញ្ចប់នៅថ្ងៃទី ១៨ ខែតុលា។ កាលបរិច្ឆេទសម្រាប់បូជាសព ដែលឧបត្ថម្ភដោយរាជវង្ស គឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ប្រភពបាននិយាយថា ឧត្តមសេនីយ៍ប្រេម បានចំណាយពេល ៤០ ឆ្នាំនៅឯគេហដ្ឋាន Si Sao Thewes ដោយចាប់ផ្តើមពីតួនាទីជាប្រមុខកងទ័ព បន្ទាប់មកជានាយករដ្ឋមន្រ្តី និងចុងក្រោយ ជាប្រធានក្រុមប្រឹក្សាពិសេស រហូតដល់គាត់ទទួលមរណភាព កាលពីថ្ងៃទី ២៦ ខែឧសភា។

សូមជម្រាបផងដែរថា ក្នុងពេលនៅកាន់តំណែង លំនៅដ្ឋាន Si Sao Thewes ត្រូវបានបើកចំហ សម្រាប់មេដឹកនាំរដ្ឋាភិបាល អ្នកនយោបាយ និងយោធាកំពូលៗ ដែលបានស្វែងរកការប្រឹក្សា ពីឧត្តមសេនីយ៍ ប្រេម ក្នុងពេលមានវិបត្តិនយោបាយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top