វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាន និយាយថា យន្តហោះធុនតូចចំនួន១គ្រឿង បានធ្លាក់ចូលក្នុងអគារមួយ នៅតំបន់ជាយក្រុង នៃក្រុង Atlanta ស្ថិតនៅភាគអាគ្នេយ៏នៃ រដ្ឋចចាសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុតម្នាក់ ។
ក្រសួងអាកាសចរណ៍សហព័ន្ធ (FAA)បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា យន្តហោះ Piper PA-28 បានធ្លាក់ ក្រោយពីបានធ្វើការហោះហើរ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីព្រលានយន្តហោះ DeKalb-Peachtree នៅវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ។
ក្រសួងខាងលើបានលើកឡើង តាមការអះអាងពីក្រុមអាជ្ញាធរក្នុងស្រុកដែលនិយាយថា យន្តហោះបានធ្លាក់ចូល ក្នុងអគារមួយកន្លែង នៅខាងក្រៅក្រុង Atlanta រដ្ឋធានីនៃរដ្ឋ ចចា ។
មន្ត្រីពន្លត់អគ្គីភ័យមួយរូបបាន ប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ នៅក្នុងពេលធ្លាក់យន្តហោះនោះ និងមនុស្សទី២ ដែលនៅលើយន្តហោះ មិនត្រូវបានគេអះអាងថាយ៉ាង ណានោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា