ព័ត៌មានអន្តរជាតិ

គេហទំព័រយោធាអាមេរិក Global Firepower៖ វៀតណាមជាប់ជាប្រទេស ដែលយោធាមានឥទ្ធិពលបំផុត ទី២៣ ក្នុងពិភពលោក និងលេខ២នៅអាស៊ី

បរទេស៖ ប្រទេសវៀតណាម មានយោធាដែលមានឥទ្ធិពលបំផុតទី ២៣ នៅលើពិភពលោក។ នេះបើយោងតាមចំណាត់ថ្នាក់ របស់គេហទំព័រ Global Firepower របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹង ដោយយោងតាម តារាងចំណាត់ថ្នាក់កម្លាំងយោធាឆ្នាំ ២០១៩ គឺប្រទេសនេះបានធ្លាក់ចុះចំនួន ៣ថ្នាក់ ពីឆ្នាំមុន ប៉ុន្តែនៅតែស្ថិតក្នុងលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

Global Firepower គឺជាគេហទំព័រយោធាមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលវាយតម្លៃអំណាចយោធា នៃប្រទេសនានានៅជុំវិញពិភពលោក។

សន្ទស្សន៍វាស់កម្លាំងយោធា របស់ប្រទេសចំនួន ១៣៧ ប្រទេស និងដែនដីជុំវិញពិភពលោក ដោយផ្អែកលើ ៥៥ ប៉ារ៉ាម៉ែត្រ រួមមានធនធានយោធា ភាពចម្រុះនៃប្រព័ន្ធអាវុធ ធនធានធម្មជាតិ ភូមិសាស្ត្រ ហិរញ្ញវត្ថុ និងកម្លាំងពលកម្មដែលអាចរកបាន។

ពិន្ទុល្អឥតខ្ចោះនៅក្នុងលិបិក្រមគឺ ០, នៅពេលដែលពួកគេ កាន់តែជិតនឹងតួលេខនេះ យោធារបស់ពួកគេកាន់តែខ្លាំង។

ឆ្នាំនេះប្រទេសវៀតណាម ទទួលបានពិន្ទុ ០,៣៩៨៨ និងឥណ្ឌូណេស៊ីឈរនៅលំដាប់ទី ១៦ លើពិភពលោក ០,២៨០៤ ពិន្ទុ។

នៅអាស៊ីអាគ្នេយ៍ប្រទេសថៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី ២៦ បន្ទាប់មកគឺប្រទេសមីយ៉ាន់ម៉ា (លេខ ៣៧) ម៉ាឡេស៊ី (៤១) សិង្ហបុរី (ទី ៥៩) ហ្វីលីពីន (៦៤) កម្ពុជា (ទី ១០៧) និងឡាវ (ទី ១២៧) ។

របាយការណ៍នេះបាននិយាយថា ប្រទេសវៀតណាម មានយន្តហោះសរុបចំនួន ៣១៨ គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១៤០ គ្រឿង បានដាក់ចំណាត់ថ្នាក់ទី ៣៣ ក្នុងប្រភេទនេះ ខណៈកម្លាំងរថក្រោះប្រយុទ្ធ មានចំនួន ២,៥៧៥ គ្រឿង ជាប់ចំណាត់ថ្នាក់ទី ១០ ។

កម្លាំងទ័ពជើងទឹករបស់វៀតណាម ដែលមានកប៉ាល់ចំនួន ៦៥ គ្រឿង បានដាក់វានៅចំណាត់ថ្នាក់ទី ៣៦ ។ ប្រទេសកូរ៉េខាងជើងឈរ នៅលើកំពូលតារាង ដោយមាននាវាចំនួន ៩៦៧ គ្រឿង។

ប្រទេសវៀតណាម មានបុគ្គលិកយោធា ប្រមាណ ៥,៤ លាននាក់ ដោយមានប្រជាជន ១,៦៥ លាននាក់ មានអាយុចូលបម្រើយោធា ជារៀងរាល់ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top