បរទេស៖ ព័ត៌មាននៃការបាញ់នេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ផ្លោងឆ្លងទ្វីបថ្មី ដោយជោគជ័យកាលពីដើមខែនេះ ដោយព្រមានថា ការឈ្លានពានណាមួយ ដែលអាចកើតមាន ប្រឆាំងនឹងកូរ៉េខាងជើងនឹងត្រូវបញ្ឈប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាម អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JSC) បាន ឲ្យដឹង ថា វត្ថុមិនស្គាល់អត្តសញ្ញាណចំនួន ២ ត្រូវបានគេបាញ់ឆ្ពោះ ទៅសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានកត់សម្គាល់ថា យោធារបស់ខ្លួនកំពុងឃ្លាំមើល ស្ថានការណ៍យ៉ាងដិតដល់។
ចំណែករដ្ឋាភិបាលទីក្រុងតូក្យូក៏បានលើកឡើង ពីឧប្បត្តិហេតុនេះ ដោយសង្កត់ធ្ងន់ថា ប្រទេសជប៉ុនមិនច្រានចោល ចំពោះការការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើងទេ។
សូមជម្រាបថា ថ្មីៗនេះប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ដែលមិនស្គាល់អត្តសញ្ញាណផ្សេងទៀត ជាច្រើនគ្រាប់ ចេញពីទីក្រុងឆ្នេរសមុទ្រវ៉ុនសាន៕ ប្រែសម្រួលៈ ណៃ តុលា