ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ និងក្រុមហ៊ុន Lockheed ចុះកិច្ចព្រមព្រៀង សម្រាប់យន្តហោះចម្បាំង F-35 ចំនួន៤៧៨គ្រឿង

បរទេស៖ កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ចំនួន៣៤ពាន់លានដុល្លារ រវាងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និងមន្ទីរបញ្ចកោណ ដែលបានប្រកាស នៅថ្ងៃអង្គារសប្ដាហ៍នេះនោះ បានស្នើឲ្យប្រគល់យន្តហោះចម្បាំង បំបាំងកាយ F-35 គ្រឿង ក្នុងតម្លៃទាប់ជាង៨០លានដុល្លារ ក្នុងមួយគ្រឿង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាកុងត្រាដ៏ធំបំផុត សម្រាប់សម្ភារៈយោធា និងមានតម្លៃទាបបំផុត ក្នុងយន្តហោះមួយគ្រឿង សម្រាប់យន្តហោះចម្បាំងស៊ែរី F-35។

គួរបញ្ជាក់ថា ការប្រកាសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក ផ្តល់កុងត្រាកែប្រែ មានទឹកប្រាក់៧.០២លានដុល្លារ ចំពោះកុងត្រាប្រកាសពីមុន ឲ្យដល់ក្រុមហ៊ុន Lockheed Martin ហើយកំណែប្រែថ្មីនេះ រួមបញ្ចូលទាំងការទិញយន្តហោះចម្បាំង F-35 ចំនួន១១៤គ្រឿង ដោយកងទ័ព កងកម្លាំងម៉ារីន និងទ័ពជើងទឹកអាមេរិក ក៏ដូចជាកងកម្លាំងយោធា របស់ប្រទេសអ៊ីតាលី អូស្ត្រាលី និងន័រវេស៕ ប្រែសម្រួល៖ប៉ាង កុង

To Top