ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋឥស្លាម ជ្រុលនិយម បញ្ជាក់ពីការ ស្លាប់របស់លោក Baghdadi និងប្រាប់ឈ្មោះមេដឹកនំាថ្មី

បរទេស ៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អំពីការស្លាប់ របស់មេដឹកនាំខ្លួន គឺលោក Abu Bakr al-Baghdadi ហើយនិងបានប្រកាសតែងតាំងមេដឹកនាំថ្មី គឺលោក Abu Ibrahim al-Hashimi al-Qurashi។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ពួកក្រុមសកម្មប្រយុទ្ធជ្រុលនិយមនេះ បានធ្វើការប្រកាសនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ខ្លួន ឈ្មោះ Amaq និងតាមរយៈប្រព័ន្ធផ្ញើសារ Telegraph។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធាសហរដ្ឋអាមេរិក បានសម្លាប់លោក Baghdadi នៅថ្ងៃសៅរ៍ ក្នុងប្រទេសស៊ីរីភាគពាយព្យ គឺមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយមរូបនោះ បានភៀសខ្លួនគេច ពីកងកម្លាំងអាមេរិក និងបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរូបក្រោមដីមួយកន្លែង សម្លាប់ខ្លួនឯងនិងក្មេង៣នាក់ទៀត៕
ប្រែសម្រួល៖ប៉ាង កុង

To Top