ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់និងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើចំណងមិត្តភាពទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងទីក្រុងញូដេលី នាថ្ងៃសុក្រនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការ យុទ្ធសាស្ត្រកាន់តែស៊ីជម្រៅឡើង និងបានផ្លាស់ប្តូរមតិគ្នា ស្តីពីមធ្យោបាយជំរុញ បង្កើនជំនួញទ្វេភាគី។

លោក ម៉ូឌី បានប្រាប់សហសន្និសីទកាសែតមួយ ជាមួយមេដឹកនាំអាល្លឺម៉ង់ថា “យើងកំពុងតែជំរុញ លើកទឹកចិត្តដល់វិស័យឯកជនរបស់យើង ឲ្យផ្តល់កម្លាំងចលករ ជំរុញបង្កើនជំនួញទ្វេភាគី ហើយលោកស្រីអធិការបតីនិងខ្ញុំ នឹងជួបជាមួយមេដឹកនាំពាណិជ្ជកម្ម និងឧស្សាហកម្មកំពូលៗមួយចំនួនៗ។

គួរបញ្ជាក់ថា ជំនួញទ្វេភាគី រវាងប្រទេសទាំងពីរ បានកើនឡើងដល់ ចំនួនទឹកប្រាក់២៤,០៦ ពាន់លានដុល្លារ អាមេរិក គឺកើនឡើងពីចំនួន ២២ពាន់លានដុល្លារនៅក្នុងឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនអាល្លឺម៉ង់នានា វិនិយោគទឹកប្រាក់ជិត ១២ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០០០មក៕ ប្រែសម្រួល៖ប៉ាង កុង

To Top