ព័ត៌មានអន្តរជាតិ

ថៃចាយលុយ ៦០០លានបាត ទិញឧទ្ធម្ភាគចក្រ គ្មានមនុស្សបើកពីអូទ្រីស

បរទេស៖ កងទ័ពជើងទឹកថៃ បានបញ្ជាក់ពីផែនការរបស់ខ្លួន ក្នុងការទិញប្រព័ន្ធអាកាស ដែលគ្មានមនុស្សបើក (UAS) ហោះ និងចុះចត (VTOL) ដែលផលិតដោយអូទ្រីសចំនួនពីរឈុត ពីក្រុមហ៊ុន Schiebel Group ក្នុងតម្លៃ ៦០០ លានបាត។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា Camcopter S-100s នឹងត្រូវដាក់ពង្រាយនៅឆ្នាំ ២០២០ ទៅកាន់ទីក្រុង Nakhon Si Thammarat របស់ស្រុក Pak Phanang និងចូលរួមនឹងកងនាវាចរមួយចំនួន របស់កងទ័ពជើងទឹក ដើម្បីអនុវត្តបេសកកម្មស៊ើបការណ៍សម្ងាត់ និងស៊ើបការណ៍លើដី និងសមុទ្រ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅលើគេហទំព័រ Schiebel។

កិច្ចសន្យាទិញនេះ ត្រូវបានចុះហត្ថលេខា ដោយអគ្គនាយករងការិយាល័យ គ្រប់គ្រងលទ្ធកម្មនាវាចរ គឺឧត្តមនាវីឯក Prachachart Sirisawat ។

UAS នឹងក្លាយជាយន្តហោះ VTOL ដែលគ្មានមនុស្សបើកដំបូងគេ របស់កងទ័ពជើងទឹកថៃ ដែលនឹងជួយឱ្យកងទ័ពជើងទឹក កាត់បន្ថយថ្លៃយាមល្បាតរបស់ខ្លួន ព្រោះវានឹងលែង ត្រូវការពង្រាយនាវាធំមួយ ដែលអាចផ្ទុកឧទ្ធម្ភាគចក្រ សម្រាប់បេសកកម្មបែបនេះ។

យន្តហោះគ្មានមនុស្សបើកនេះ នឹងត្រូវដាក់នៅមូលដ្ឋាន កងទ័ពជើងទឹកទាំង នៅឈូងសមុទ្រថៃ និងសមុទ្រ អាន់ដាម៉ាន់ ដោយបន្ថែមសមត្ថភាព កំណត់គោលដៅរបស់ប្រព័ន្ធនេះ គឺត្រូវគ្នានឹងប្រព័ន្ធដែលមានស្រាប់ ដែលបានដំឡើងនៅលើកងនាវាចរ៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top