សេអ៊ូល៖ ប្រធានអ្នកចរចា របស់ក្រុងសេអ៊ូលបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានបរាជ័យ ក្នុងការបង្រួមភាពខុសគ្នា របស់ប្រទេសទាំងពីរ នៅក្នុងកិច្ចចរចាលើកទី ២ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងដោះស្រាយជម្លោះទ្វេភាគី ជុំវិញការរឹតត្បិតការនាំចេញរបស់តូក្យូ។
ការប្រជុំរយៈពេល ៦ ម៉ោង ត្រូវបានរៀបចំជាផ្នែកមួយ នៃដំណើរការដោះស្រាយជម្លោះ ក្រោមវិធាន របស់អង្គការពាណិជ្ជកម្មពិភពលោក។ មុននេះកូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹង ទៅស្ថាប័នពាណិជ្ជកម្មពិភពលោក ជុំវិញការអនុម័តរបស់ជប៉ុន ក្នុងការគ្រប់គ្រងការនាំចេញ ប្រឆាំងនឹងប្រទេសជិតខាងមួយនេះ កាលពីខែកក្កដា។
បន្ទាប់ពីកិច្ចពិភាក្សាលោក Chung Hae-kwan អ្នកចរចារបស់កូរ៉េខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថា “ភាគីទាំងពីរមានការពិភាក្សា ផ្តោតជាសំខាន់ចំនួនពីរលើក ដែលមានរយៈពេល ៦ ម៉ោង ក្នុងអំឡុងពេល ដែលយើងបានធ្វើការស្វែងយល់ស៊ីជម្រៅ អំពីវិធានការណ៍ និងជំហររបស់គ្នាទៅវិញទៅមក”៕ ដោយ៖ ឈូក បូរ៉ា