ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងចាយលុយជិត ៧លានដុល្លារ គាំទ្រការបណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងប្រទេសអាស៊ាន

សេអ៊ូល៖ មន្ត្រីបានឲ្យដឹងនៅថ្ងៃពុធ នេះថាប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន ៦,៩ លានដុល្លារក្នុង រយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ថវិកាដែលនឹងទទួលបានពីមូល និធិសហប្រតិបត្តិការអាស៊ាន – កូរ៉េ ដែលកូរ៉េខាងត្បូងបានបង្កើតឡើងដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយតំបន់នឹងត្រូវចំណាយ ទៅលើគម្រោងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈចាប់ពីឆ្នាំក្រោយ។

ក្រុមមន្រ្តីបានឲ្យដឹងថាប្រទេស កូរ៉េខាងត្បូង បានបង្កើនការចូលរួមចំណែក ប្រចាំឆ្នាំរបស់ខ្លួនដល់មូលនិធិ នៅឆ្នាំនេះដល់ ១៤ លានដុល្លារទ្វេដងបើប្រៀបធៀប នឹងឆ្នាំមុន ៧ លានដុល្លារហើយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ នឹងត្រូវចូលទៅក្នុងគម្រោង បណ្តុះបណ្តាលវិជ្ជាជីវៈ៕ ដោយ ឈូក បូរ៉ា

To Top