បរទេស៖ កិច្ចចរចាគ្នាស្តីពីការចំណាយលើយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ក្រោយពីមន្ត្រីចរចាអាមេរិក ស្នើឲ្យបញ្ចប់កិច្ចពិភាក្សាចរចាគ្នា។
លោក Jeong Eun-bo ជាប្រធានមន្ត្រីចរចារបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រធានមន្ត្រីចរចាអាមេរិក លោក James DeHart បានបញ្ចប់កិច្ចប្រជុំ ក្រោយរយៈពេល៩០នាទី ហើយលោកបាននិយាយថា លោកមិនអាចទទួលយកសំណើកូរ៉េខាងត្បូង ស្តីពីការបែងចែកការចំណាយលើយោធា សម្រាប់កងទ័ពសហរដ្ឋអាមេរិក ឈរជើងលើឧបទ្វីបកូរ៉េទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាគ្នានេះ បានចាប់ផ្តើមនៅម៉ោង១០ព្រឹកថ្ងៃអង្គារ និងប្រព្រឹត្តទៅរហូតដល់ម៉ោង៥ល្ងាច ហើយប្រធានមន្ត្រីចរចាកូរ៉េខាងត្បូង បាននិយាយប្រាប់ឲ្យដឹងថា មានការខ្វែងគំនិតគ្នាជាខ្លាំង រវាងភាគីអាមេរិកនិងកូរ៉េខាងត្បូង នៅក្នុងកិច្ចពិភាក្សាគ្នានេះ៕
ប្រែសម្រួល៖ ប៉ាង កុង