UNITED NATIONS៖ អនុរដ្ឋមន្រ្តីក្រសួង ការបរទេសរុស្ស៊ីលោក Igor Morgulov បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសរុស្ស៊ីនិងចិន នឹងដាក់ផែនការ សកម្មភាពថ្មីមួយក្នុងការ ដោះស្រាយភាពតានតឹង នៅឧបទ្វីបកូរ៉េ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Morgulov បាននិយាយថា “យើងទើបតែបានព្រមព្រៀង ជាមួយសហសេវិកចិន របស់យើងលើផែនការធ្វើបច្ចុប្បន្នភាព [… ] កំណែថ្មីនៃផែនការនេះ នឹងត្រូវបានចែកចាយ ក្នុងចំណោមដៃគូទាំងអស់ ។ វាជាសេចក្តីព្រាងផែនការ មិនមែនជាឯកសាររួមគ្នាទេ” ។
លោក Morgulov បានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ីនិងចិន បានបង្ហាញផែនការសកម្មភាពរបស់ពួកគេរួចហើយក្នុងពេលកន្លងមកដែលរួមមានបទប្បញ្ញត្តិសេដ្ឋកិច្ច នយោបាយ យោធា និងមនុស្សធម៌ សំដៅស្ថិរភាពស្ថានភាពនៅក្នុងតំបន់។
លោក Morgulov បានបន្ថែមទៀតថាសេចក្តីព្រាងផែនការនេះ ក៏នឹងត្រូវបង្ហាញដល់អនុរដ្ឋមន្រ្តីក្រសួងការ បរទេសកូរ៉េខាងជើង Cohoe Son Hui ដែលបច្ចុប្បន្នកំពុងបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងមូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									