បរទេស៖ មន្ត្រីកូរ៉េខាងជើងជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិកត្រូវតែបោះបង់ចោល គោលនយោបាយ ប្រកបដោយអរិភាព ចំពោះទីក្រុងព្យុងយ៉ាងចេញ ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាគ្នា ស្តីពីការលុបបំបាត់នុយក្លេអ៊ែដែលជាប់គាំង។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បាននិយយាប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចជំនួបជាមួយមន្ត្រីរុស្ស៊ី នៅក្នុងទីក្រុងមូស្គូថា វាមិនអាចទៅរួចនោះទេ ដើម្បីប្រារព្ធជំនួបកំពូលមួយទៀត រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើលោក នៅតែរក្សាទុកគោលជំហរបច្ចុប្បន្នរបស់លោក ចំពោះកូរ៉េខាងជើង។
យោងតាមប្រភពព័ត៌មាន ពីកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោក Choe បាននិយាយយ៉ាងដូច្នេះថា “ដើម្បីធ្វើឲ្យកិច្ចចរចាគ្នា ជាមួយសហរដ្ឋអាមេរិក ឲ្យប្រព្រឹត្តទៅមុខនោះ យើងនឹងអាចពិភាក្សាគ្នា ពីបញ្ហានុយក្លេអ៊ែជាថ្មីម្តងទៀត នៅពេលដែលវាដកចោលគោលនយោបាយ ប្រកបដោយអរិភាព ចំពោះយើងទាំងអស់ចេញ”៕ ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									