ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹង បណ្តឹងប្រល័យពូជសាសន៍ នៅតុលាការអន្តរជាតិ

BBC៖ យោងតាមសារព័ត៌មានរ៉យទ័របាន ឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជជែកអំពីបណ្តឹង មួយដែលប្រទេសហ្គំប៊ី ដែលបានចោទប្រកាន់ ប្រទេសមីយ៉ាន់ម៉ា ពីបទប្រល័យពូជសាសន៍ ជនជាតិរ៉ូហ៊ីងយ៉ា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៣ ម៉ឺននាក់បានភៀសខ្លួនទៅកាន់ ប្រទេសជិតខាងបង់ក្លាដែស បន្ទាប់ពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតអាមេរិកនិយាយថា ត្រូវបានអនុវត្តដោយមាន“ ចេតនាប្រល័យពូជសាសន៍” ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាដែល សាសនារបស់ខ្លួនជាពុទ្ធសាសនានោះ គឺបានបដិសេធការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍នេះ។

ហ្គំប៊ីជាប្រទេសតូចមួយដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនៅអាហ្វ្រិកខាងលិច បានដាក់ពាក្យបណ្តឹងបន្ទាប់ពីទទួលបានការគាំទ្រពីអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ចំនួន ៥៧ ប្រទេស។

រដ្ឋមន្រ្តីទីប្រឹក្សារដ្ឋ គឺលោកស្រី ស៊ូជី បាននិយាយនៅក្នុងទំព័រហ្វេសប៊ុកថា « ប្រទេស មីយ៉ាន់ម៉ា កំពុងតាមរកមេធាវីអន្តរជាតិល្បី ៗ ដើម្បីចូលរួមប្រកួតប្រជែងបណ្តឹងដែលបានដាក់ដោយប្រទេសហ្គំប៊ីនេះ»។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់រ៉យទ័រថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីយោធាបានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល។

លោកថា « យើងជាយោធានឹងសហការយ៉ាងពេញ ទំហឹងជាមួយរដ្ឋាភិបាល ហើយនឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល»។ អ្នកនាំពាក្យគណបក្សរបស់ លោកស្រីស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបាននិយាយថា លោកស្រីបានសម្រេចចិត្តថា លោកស្រីនឹងដោះស្រាយរឿងនេះដោយខ្លួនឯង៕ ប្រែសម្រួលៈ ណៃ តុលា

To Top