ព័ត៌មានអន្តរជាតិ

អ្នកជំនាញក្រៅប្រទេស ជំរុញឱ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការក្នុងស្រុករបស់ចិន

បរទេស៖ អ្នកជំនាញ និងបណ្ឌិតនៅបរទេស បានថ្កោលទោសយ៉ាងខ្លាំង ចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័ត នូវអ្វីដែលគេហៅថា ច្បាប់ “ សិទ្ធិមនុស្សហុងកុង និងប្រជាធិបតេយ្យឆ្នាំ ២០១៩” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន។

យោងតាមទីភ្នាក់ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Farhat Asif ប្រធានវិទ្យាស្ថានសន្តិភាព និងការសិក្សាការទូត នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានបាននិយាយថា ការអនុម័តសេចក្តីព្រាងច្បាប់របស់ហុងកុង ដោយព្រឹទ្ធសភាអាមេរិក គឺជាឧទាហរណ៍ ដោយឥតលាក់លៀមមួយ នៃការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាអ្វីដែលមិនអាចទទួលយកបាន។ សហរដ្ឋអាមេរិក កំពុងធ្វើជាគំរូអាក្រក់មួយ ដោយប្រកាន់ខ្ជាប់ខាងក្រុមកុបកម្ម។

លោក Asif បាននិយាយថា ពិភពលោកគួរតែដឹងថា សហរដ្ឋអាមេរិកបានអនុវត្តស្តង់ដារពីរ លើអំពើហឹង្សានៅហុងកុង ហើយរដ្ឋាភិបាលចិន មានសិទ្ធិចាត់វិធានការ ដើម្បីថែរក្សាភាពរុងរឿង និងស្ថេរភាពរបស់ហុងកុង។

ចំណែកលោក Stephen Ndegwa សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យអន្តរជាតិអាមេរិក – អាហ្វ្រិក ដែលមានមូលដ្ឋាន នៅណៃរ៉ូប៊ីបាននិយាយថា ការអនុម័តច្បាប់ ដែលទាក់ទងទៅនឹងហុងកុង គឺជាការបំពានយ៉ាងជាក់ស្តែង ចំពោះអធិបតេយ្យភាពរបស់ចិន។

លោក Ndegwa បាននិយាយថា សហរដ្ឋអាមេរិក គួរតែឈប់ធ្វើដូចប៉ូលិសពិភពលោក និងរំលោភអធិបតេយ្យភាពនៃប្រទេសដទៃទៀត ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ។

លោក Zhu Xiaojiu ស្ថាបនិក និងជាប្រធានសមាគមមេធាវីអង់គ្លេស បាននិយាយថា ហុងកុងគឺជាផ្នែកមួយនៃប្រទេសចិន ហើយសហរដ្ឋអាមេរិកគ្មានសិទ្ធិ ក្នុងការជ្រៀតជ្រែកកិច្ចការហុងកុងទេ ហើយ បន្ថែមថាការអនុម័តច្បាប់នេះ នឹងមានឥទ្ធិពលផ្ទុយ ពីការបញ្ចប់អំពើហិង្សានៅហុងកុង៕ ប្រែសម្រួលៈ ណៃ តុលា

To Top