ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណបដិសេធថា អាមេរិកមិនកំពុងពិចារណា ដកទ័ពពីកូរ៉េខាងត្បូង

បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះ បានច្រានចោលនូវសេចក្តីរាយការណ៍ របស់កាសែតកូរ៉េខាងត្បូងមួយ ដែលថា សហរដ្ឋអាមេរិកកំពុងតែពិចារណា កាត់បន្ថយចំនួនកងទ័ពជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបង្កើនការចំណាយ លើវត្តមានយោធាអាមេរិក នៅលើឧបទ្វីបកូរ៉េទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍ថា “មិនមានជំនឿចិត្តទាល់តែសោះ ចំពោះសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Chosun Ilbo ដែលថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាដកកងទ័ពណាមួយ ចេញពីឧបទ្វីបកូរ៉េ”។

ផ្ទាំងពាណិជ្ជកម្ម

“លោករដ្ឋមន្ត្រីការពារជាតិ Esper បាននៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុននេះ ជាទីដែលលោក តាមសេចក្តីរាយការណ៍ បានលើកឡើង ពីការប្តេជ្ញាដ៏រឹងមាំរបស់យើង ចំពោះប្រទេសកូរ៉េខាងត្បូង និងប្រជាជនរបស់ប្រទេសនេះ ហើយរឿងរ៉ាវព័ត៌មានបែបនេះ បង្ហាញឲ្យឃើញពីគុណវិបត្តិដ៏គ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ នៃប្រភពអនាមិក ដែលរាយការណ៍ព័ត៌មាន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top