ព័ត៌មានអន្តរជាតិ

លោក ត្រាំថា ប្រសិនបើមិនបានលោក ជួយនោះទេ ហុងកុងនឹងត្រូវបំផ្លាញ ក្នុងរយៈពេលត្រឹម ១៤នាទី

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពី ថ្ងៃសុក្រថា លោកបានជួយសង្គ្រោះ ហុងកុង ពីការបំផ្លិចបំផ្លាញ ដោយការបញ្ចុះបញ្ចូល ប្រធានាធិបតីចិន លោកស៊ីជីនពីង ឲ្យបញ្ឈប់ការបញ្ជូន កងទ័ពទៅបង្ក្រាបចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យ របស់ខ្លួន។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ពេលព្រឹកព្រលឹមជាមួយ Fox News ថា «ប្រសិនបើមិនបានខ្ញុំទេ ហុងកុងនឹងត្រូវគេលុបចោលក្នុងរយៈពេល ១៤ នាទី» ។

ការអត្ថាធិប្បាយ របស់លោក ដូណាល់ ត្រាំនេះ បានកើតឡើង នៅពេលដែលលោកពិចារណា លើការចុះហត្ថលេខា លើច្បាប់ ដែលត្រូវបានអនុម័ត ដោយសភាដើម្បីគាំទ្រ ដល់សកម្មជន ដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យ ឬអោនលំទោន ទៅនឹងការគំរាមកំហែង នៃការសងសឹក របស់ទីក្រុងប៉េកាំង ប្រសិនបើច្បាប់ទាំងនេះ ត្រូវបានអនុម័ត។

នៅពេលត្រូវបាន សួរថាតើ លោកនឹងវេតូច្បាប់នេះឬអត់ ឬបើកភ្លើងខៀវឱ្យ សភាកាលពីថ្ងៃពុធ នោះលោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងប្រាប់អ្នកថាយើង ត្រូវតែឈរនៅខាង ហុងកុង ប៉ុន្តែខ្ញុំក៏កំពុងឈរ នៅខាងប្រធានាធិបតីស៊ី ជិនពីង ផងដែរ។ គាត់គឺជាមិត្ត របស់ខ្ញុំម្នាក់ គាត់គឺជាបុរស ដែលមិនគួរឱ្យជឿ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top