បរទេស៖មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានវិលត្រឡប់មកប្រទេសវិញ ក្រោយពីធ្វើដំណើរ ទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសរុស្ស៊ី ដែលរួមមានទាំងការធ្វើកិច្ចពិភាក្សាយុទ្ធសាស្ត្រជាលើកដំបូងរបស់ប្រទេសទាំងពីរផង។
នៅព្រលានយន្តហោះអន្តរជាតិ Sheremetyevo ក្នុងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងរង់ចាំជើងយន្តហោះ Aeroflot ទៅកាន់ទីក្រុងប៉េកាំង អនុរដ្ឋមន្ត្រីការ បរទេសទីមួយកូរ៉េខាងជើង លោកស្រី Choe Son-hui បាននិយាយប្រាប់អ្នកសារព័ត៌មានកូរ៉េថា “ខ្ញុំមានកិច្ចពិភាក្សាគ្នាដ៏ល្អអស្ចារ្យ ជាមួយភាគីរុស្ស៊ី នៅក្នុងពេលបច្ចុប្បន្ននេះ”។
គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយប្រាប់ថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ស្តីពីសហប្រតិបត្តិការទ្វេភាគី និងការបង្កើនចំណងមិត្តភាពទ្វេភាគី ក៏ដូចជាបញ្ហាសន្តិសុខលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីភាគឦសាន៕
ប្រែសម្រួល៖ ប៉ាង កុង