ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង អំពាវនាវសុំឲ្យ មានការចចារគ្នាដោយស្មោះត្រង់ ដើម្បីដោះស្រាយជម្លោះ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Lee Nak-yon នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា វាមានសារៈសំខាន់ណាស់ សម្រាប់ក្រុងតូក្យូនិងសេអ៊ូល ដើម្បីធ្វើការពិភាក្សាគ្នាដោយភាពស្មោះត្រង់ក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាដែល ភាគីទាំងពីរនៅមានជម្លោះនឹងគ្នានោះ ។
លោក Lee បានប្រាប់មេដឹកនាំនយោបាយ និងធុរកិច្ចមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅក្នុងសារមួយនៅ ឯកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ ថា “ចាំបាច់ត្រូវធ្វើការពិភាក្សាដោយភាពស្មោះត្រង់ដើម្បីស្វែង រកដំណោះស្រាយពេញលេញលើបញ្ហាលេចធ្លោរវាងរដ្ឋទាំងសង្ខាង” ។
លោក Taro Aso ឧបនាយករដ្ឋមន្រ្តីជប៉ុន ដែលមានតួនាទីជាប្រធានគណៈកម្មាធិការជប៉ុនបានថ្លែងថា វាជាការសំខាន់ណាស់សម្រាប់ការ សន្យាដែលត្រូវរក្សា និងដើម្បីឱ្យភាគីទាំងពីរមានការយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងដែលត្រូវបានប្រគល់ទៅឲ្យមនុស្សជំនាន់ក្រោយ ។

លោក Aso រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ថា “ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត” ។ ប៉ុន្តែ យើងត្រូវតែប្រគល់ចំណងទាក់ទងរបស់យើងដែលមានពីមុន មកដល់មនុស្សជំនាន់ក្រោយ” ។

គួរបញ្ជាក់ថា ការប្រេះឆានឹងគ្នាជាចុងក្រោយរវាងភាគីទាំងពីរបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំមុន នៅគ្រាដែលតុលាការកំពូលរបស់ ប្រទេសកូរ៉េខាងត្បូង បញ្ជាឱ្យក្រុមហ៊ុនជប៉ុនបង់ប្រាក់ដែលជាសំណងសម្រាប់ការបង្ខំឱ្យធ្វើពលកម្មរបស់ប្រជាជនកូរ៉េខាងត្បូងនៅក្នុងអំឡុងអាណានិគមជប៉ុន ឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ នៃឧបទ្វីបកូរ៉េ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top