ព័ត៌មានអន្តរជាតិ

ចិនកោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងដំណើរតវ៉ាជុំវិញច្បាប់សិទ្ធិមនុស្សហុងកុង

បរទេស៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Terry Branstad ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការអនុម័តក្នុងសភាអាមេរិក ស្តីពីច្បាប់សិទ្ធិមនុស្សនិងលទិ្ធប្រជាធិបតេយ្យហុងកុង ដោយនិយាយថា វាជាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។ 

នៅក្នុងសេចក្តីជូនដំណឹង បង្ហោះលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសចិនបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេស លោក Zheng Zeguang បានធ្វើការសង្កត់ធ្ងន់ ឲ្យសហរដ្ឋអាមេរិក ធ្វើការកែតម្រូវកំហុសឆ្គងរបស់ខ្លួន និងឈប់ជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងឈប់លូកដៃជ្រៀតជ្រែកចូលក្នុង បញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹង ទីក្រុងហុងកុងចំនួនពីរ ទៅឲ្យសេតវិមាន ក្រោយបោះឆ្នោតជាឯកច្ឆ័ន្ទគាំទ្រ លើសេចក្តីព្រាងច្បាប់នោះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រំា ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ឲ្យក្លាយជាច្បាប់ជាធរមាន៕ 

ប្រែសម្រួល៖ ប៉ាង កុង

To Top