ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា ខ្លួនមិនបានសន្យាថា មិនដំឡើងប្រព័ន្ធ ការពារមីស៊ីលរុស្ស៊ី S-400 នោះឡើយ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសតួកគី មិនបានធ្វើការសន្យា ចំពោះអ្នកណាម្នាក់ថា នឹងមិនដំឡើង ឬក៏មិនប្រើប្រាស់ ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នោះទេ បើទោះជាមានជម្លោះ ជាមួយសហរដ្ឋអាមេរិក ជុំវិញប្រព័ន្ធអាវុធនោះក៏ដោយ។

ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បាននិយាយប្រាប់ទីក្រុងអង់ការ៉ាថា ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នោះ គឺជាការគម្រាមកំហែងមួយ ចំពោះយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិក និងបានព្រមានប្រទេសតួកគីថា នឹងប្រឈមមុខចំពោះទណ្ឌកម្មអាមេរិក ប្រសិនបើមិនបោះបង់ចោលប្រព័ន្ធអាវុធទិញពីរុស្ស៊ីនោះទេនោះ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានដកប្រទេសតួកគី ចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ដើម្បីទុកជាការឆ្លើយតបនឹងកិច្ចព្រមព្រៀងទិញអាវុធពីរុស្ស៊ីនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top