ព័ត៌មានអន្តរជាតិ

អ៊ីតាលី អនុម័តយល់ព្រម លើជំហានទីពីរ នៃកម្មវិធីវិនិយោគ លើយន្តហោះចម្បាំង F-35

បរទេស ៖ ក្រោយពីភាពមិនច្បាស់លាស់ ជុំវិញការបញ្ជាទិញបន្ថែម ពីរដ្ឋាភិបាលទីក្រុងរ៉ូម បង្កឲ្យមានមន្ទិលសង្ស័យ ស្តីពីគម្រោងផលិតកម្មនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Lorenzo Guerini បានមានប្រសាសន៍ថា ប្រទេសអ៊ីតាលី នឹងបន្តជាមួយកម្មវិធីវិនិយោគ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ។

នៅក្នុងកិច្ចប្រជុំរដ្ឋសភា នាថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បានថ្លែងយ៉ាងដូច្នេះថា “ស្របពេលដែលរដ្ឋាភិបាលមានគោលបំណងបង្កើនលើវិនិយោគ ដែលបានធ្វើឡើង រហូតដល់ពេលបច្ចុប្បន្ននេះ និងឆកយកឱកាស ដែលកម្មវិធីផ្តល់ឲ្យនោះ ខ្ញុំទើបបានសម្រេចចិត្តផ្តល់ភ្លើងបៃតង ដល់ជំហានទីពីរ”។

គួរបញ្ជាក់ថា លោក Luigi Di Maio ជាមេដឹកនាំចលនាផ្កាយ៥ បាននិយាយកាលពីឆ្នាំមិញថា យន្តហោះចម្បាំងបំបាំងកាយ F-35 គឺមិនមែនជាអាទិភាពចម្បង សម្រាប់ប្រទេសនោះទេ ហើយនិងថា កម្មវិធីនេះចាំបាច់ត្រូវតែធ្វើការត្រួតពិនិត្យសារឡើងវិញជាថ្មី នៅក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ប៉ាង កុង

To Top