ចិន៖ ក្រុមហ៊ុនប្រេងជាតិចិនបាននិយាយថា ឧស្ម័នធម្មជាតិនឹងចាប់ផ្តើមហូរ តាមបំពង់បង្ហូរឧស្ម័នធម្មជាតិ ភាគខាងកើតរវាងចិន និងរុស្ស៊ីចាប់ពីខែក្រោយ ហើយនឹងជួយបំពេញតម្រូវការ ថាមពលស្អាតនៅតាមកន្លែងជាច្រើន នៅភាគឥសានប្រទេសចិនតំបន់ប៉ីង – ធានជីន – ហឺប៉ី និងតំបន់ដីសណ្តទន្លេយ៉ាងស្សេ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ផ្នែកបំពង់នៃផ្លូវបំពង់ខាងកើតចិន – រុស្ស៊ីមានប្រវែង ៥,១១១ គីឡូម៉ែត្រនៅទូទាំងខេត្តចំនួន ៨ និងក្រុងមួយពីខេត្តហីឡុងជាំង នៅភាគខាងជើងដល់សៀងហៃ នៅភាគខាងកើត។ រួមជាមួយផ្នែករុស្ស៊ីនៃគម្រោង ឬបំពង់បង្ហូរថាមពលស៊ីបេរីចម្ងាយ ៣,០០០ គីឡូម៉ែត្រ បំពង់បង្ហូរប្រេងនេះត្រូវបានគេរំពឹងថា នឹងបូមឧស្ម័នធម្មជាតិចំនួន ៣៨ ពាន់លានម៉ែត្រគូបពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ នៅពេលដែលវាឈានដល់សមត្ថភាព ពេញលេញក្រោមកិច្ចព្រមព្រៀងរយៈពេល ៣០ឆ្នាំ រវាងក្រុមហ៊ុនរុស្ស៊ី Gazprom និង CNPC របស់ចិន។
បើយោងតាមទិន្នន័យ ពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិថា ចំនួននេះប្រហែល ១៣,៦ ភាគរយនៃការប្រើប្រាស់ឧស្ម័ន របស់ប្រទេសចិនក្នុងឆ្នាំ ២០១៨ ឬស្មើនឹង ២៨០,៣ ពាន់លានម៉ែត្រគូប។
ក្រុមអ្នកជំនាញបាននិយាយថា ការផ្គត់ផ្គង់ហ្គាសពីបំពង់បង្ហូរ ប្រេងបង្ហាញពីកិច្ចសហប្រតិបត្តិការ ថាមពលកាន់តែស៊ីជម្រៅរវាង ចិន និងរុស្ស៊ីនឹងធ្វើពិពិធកម្មប្រភព នាំចូលឧស្ម័នរបស់ចិន និងជំរុញការផ្គត់ផ្គង់ឧស្ម័ន និងសន្តិសុខថាមពលរបស់ចិន ៕
ដោយ៖ លី ភីលីព