ព័ត៌មានអន្តរជាតិ

លោក ម៉ាឌូរ៉ូ ថា អាមេរិក និងកូឡុំប៊ី កំពុងរៀបចំផែនការ ឈ្លានពានវ៉េណេស៊ុយអេឡា

ម៉ិកស៊ិកូ ស៊ីធី៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា លោកមានព័ត៌មានថា ប្រទេសកូឡុំប៊ី និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបង្កហេតុ នៅតាមព្រំដែនភាគខាងលិច នៃសាធារណរដ្ឋ បូលូវី ហើយបានអំពាវនាវឱ្យបុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ត្រូវត្រៀមសម្រាប់ការប្រយុទ្ធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកម៉ាឌូរ៉ូបាននិយាយ កាលពីថ្ងៃសុក្រអំឡុងពេល នៃកិច្ចប្រជុំរបស់គាត់ ជាមួយបុគ្គលិកដឹកជញ្ជូនរបស់ប្រទេស ដែលត្រូវបានចាក់ផ្សាយតាម Twitter ថា “ខ្ញុំមានព័ត៌មានថា កូឡុំប៊ីរួមជាមួយ បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការ ដើម្បីបង្កហេតុនៅឯព្រំដែន នៃប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី។ បុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា ត្រូវតែត្រៀមខ្លួនប្រយុទ្ធ”។

លោក ម៉ាឌូរ៉ូ បានបន្ថែមថា ការបង្កហេតុនេះ បានបង្កឱ្យមានជម្លោះយោធា នៅតាមព្រំដែនវ៉េណេស៊ុយអេឡា – កូឡុំប៊ីដើម្បី ទាក់ទាញការយកចិត្តទុកដាក់ពីការតវ៉ា ដែលបានកើតឡើង នៅក្នុងប្រទេសកូឡុំប៊ី។

កាលពីដើមខែកញ្ញា ម៉ាឌូរ៉ូ បានប្រកាសសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតាមព្រំដែនខាងលិចរបស់ប្រទេសនេះ ជាមួយប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន បានបង្ហាញពីការគំរាមកំហែងសន្តិសុខ ក្នុងកម្រិតពណ៌ទឹកក្រូច៕ ប្រែសម្រួលៈ ណៃ តុលា

To Top